Friday, January 22, 2016

ការ​គំរាម​ពី​​ឯកអគ្គ​រាជទូត​ខ្មែរ​នៅ​កូរ៉េ​អាច​ជា​ការ​មិន​ពិត


ភ្នំពេញៈ ការ​គំរាម​កំហែង​​ពី​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​​​​ខាង​ត្បូង​ដែល​បាន​​ព្រមាន​​ពលករ​​​កម្ពុជា​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​នេះ​ឲ្យ​ចៀស​ចេញ​ពី​ការ​ធ្វើការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បើ​មិន​ដូច្នោះ​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ ឬ​និរទេស​​​ពី​អាជ្ញាធរ​កូរ៉េ​អាច​មិន​ពិត​ទេ​។

ចាប់​តាំងពី​កាន់​តំណែង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​​ខែ​មេសា​ឆ្នាំ ២០១៤ មក​លោក ស៊ុត ឌីណា បាន​ធ្វើការ​គំរាម​កំហែង​ជា​សាធារណ​ជាប់​ជានិច្ច​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​​សំដៅ​ទៅ​ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ 

កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន ​លោក​បាន​​បង្ហោះ​រូបថត​របស់​លោក​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ការិយាល័យ​មួយ​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​មិន​បង្ហាញ​ឈ្មោះ​ដោយ​លោក​និយាយ​ថា​ជា​ផ្នែក​នៃ​អង្គភាព​ «​ចារកម្ម​ពិសេស​» ​របស់​កូរ៉េ​ដែល​កំពុង​ធ្វើ​ការងារ​ជាមួយ​ស្ថានទូត​ដើម្បី​បំបែក​​បណ្តាញ​​​ពលករ​ខុស​ច្បាប់​ដែល​លោក​និយាយ​ថា​កំពុង​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។

គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ លោក ឌីណា បាន​បង្ហោះ​​វីដេអូ​រូប​លោក​ និង​បុរស​បី​នាក់​ដែល​កំពុង​សុំ​សេចក្តី​ករុណា​ពី​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ​ការ​ដែល​ពួកគេ​តវ៉ា​ និង​ដុត​រូប​សំណាក​លោក​​នាយក​រដ្ឋមន្រ្តី និង​បាន​ដាក់​វា​នៅ​លើ​ហ្វេសប៊ុក​កាល​ពីរ​ឆ្នាំ​មុន​។ ​ការ​ដុត​​នេះ​បាន​ធ្វើ​ឡើង​​នៅ​ចំ​ពេល​ដែល​មាន​បាតុកម្ម​ប្រឆាំង​​គណបក្ស​ប្រជាជន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដែល​បង្ក​ឡើង​​មកពី​ការ​បង្ក្រាប​ដ៏ព្រៃផ្សៃ​មក​លើ​មហាបាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​។

បុរស​ទាំង​នោះ​​បាន​និយាយ​ថា​ ពួកគេ​បាន​ប្រគល់​ខ្លួន​ដោយ​ខ្លួនឯង​មក​ស្ថានទូត​នៅ​សេអ៊ូល​ដោយសារ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ពី​កម្លាំង​សន្តិសុខ​របស់​​កូរ៉េ​បន្ទាប់ពី​ឯកអគ្គ​រាជទូត​រូប​នេះ​បាន​បង្ហោះ​​លើ​ហ្វេសប៊ុក​ថា ​លោក​កំពុង​ធ្វើ​ការងារ​ជាមួយ​អង្គភាព​ «​ចារកម្ម​ពិសេស​» ​​របស់​កូរ៉េ​។

លោក ឌីណា បាន​បដិសេធ​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ជាច្រើន​ដង​នា​សប្តាហ៍​នេះ​ប៉ុន្តែ​ក្រសួង​ការបរទេស​កូរ៉េ​បាន​ថ្លែង​ថា​ពួកគេ​មិន​បាន​ដឹង​អំពី​សំណើ​សុំ​ស៊ើបអង្កេត​ពលករ​ខុស​ច្បាប់​នោះ​ទេ​។

ក្រសួង​ការបរទេស​កូរ៉េ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​​ក្រសួង​ការបរទេស​មិន​បាន​ទទួល​សំណើ​ណា​មួយ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​សេអ៊ូល​ពាក់ព័ន្ធ​នឹង​បញ្ហា​ពលករ​ចំណាក​ស្រុក​ទេ​»។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​បាន​ដឹង​អំពី​ការ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​នោះ​ ប៉ុន្តែ​ លោក​មិន​មាន​ព័ត៌មាន​ដែល​លោក​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ទេ​៕ 

ប្រភព​ពីៈ​ ភ្នំពេញប៉ុស្តិ៍

កែសំរួលដោយ​ ៈ​ ពត៍មានចំរុះ


No comments:

Post a Comment