លោកស្រី Melita Koulmandas Hunter និងស្វាមី មានដើមកំនើតមកពី ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០០៥ ក្នុងគោលបំណង ធ្វើដំណើរផ្សងព្រេងក្នុងរយៈពេលតែ ១២ខែប៉ុណ្ណោះ។ ក៏ប៉ុន្តែដោយសារតែលោកស្រី ជាប់ចិត្តស្រលាញ់ទិដ្ឋភាពនៅកម្ពុជា និងម្យ៉ាងវិញទៀត កាលនោះលោក Rory ដែលជាប្តីរបស់លោកស្រី Melita មានដំណែងជាអ្នកផ្សព្វផ្សាយម្នាក់ នៅរាជធានីភ្នំពេញ ទើបធ្វើឲ្យគ្រួសាររបស់លោកស្រី ឈានដល់ការសា្នក់នៅក្នុងប្រទេសកម្ពុជារហូតដល់ ១០ឆ្នាំ គិតមកទល់នឹងពេលបច្ចុប្បន្ន។
លោកស្រី Melita Koulmandas Hunter បានឲ្យដឹងថា គ្រាដែលលោកស្រីឈានជើងចូលមកដល់ កម្ពុជាលើកដំបូង ប្រទេសមួយនេះស្ថិតក្នុងដំណើរការប្រមូលកម្ទេចកំទី បន្ទាប់ពីសង្គ្រាមផ្ទៃក្នុង ហើយក៏ពុំទាន់មានភ្លើងចរាចរណ៍ ផ្លូវក្រាលកៅស៊ូ ម៉ាស៊ីនឆូតកាត និងសូម្បីតែមធ្យោបាយធ្វើដំណើរផ្សេងៗ នៅលើដងផ្លូវក៏ពុំទាន់មានដែរ។ អស់រយៈកាលជាង ៦ខែដំបូង ក្នុងការសា្នក់នៅក្នុងទីក្រុងភ្នំពេញ លោកស្រីឃើញមានការផ្លាស់ប្តូរជាច្រើន ពោលគឺ លោកស្រីឃើញមានដំបូងគេ គឺស្តុបភ្លើងចរាចរណ៍នៅជិតអាកាសយាន្ដដ្ឋានអន្តរជាតិ ផ្លូវក្រាលកៅស៊ូ រថយន្តចាប់ធ្វើដំណើរលើដងផ្លូវ និងអគារជាច្រើនបានចាប់ផ្តើមរីកសុះសាយពេញទីក្រុងភ្នំពេញ ។
យ៉ាងណាមិញ បន្ទាប់ពីស្នាក់នៅកម្ពុជាបានមួយឆ្នាំ ទាំងពីរនាក់ប្ដីប្រពន្ធបានទៅសម្រាកលំហែកាយនៅឆ្នេរខេត្តព្រះសីហនុ។ លោកស្រី នឹងក្រុមគ្រួសារបានធ្វើដំណើរទៅលេងកោះរ៉ុង ហើយចុងក្រោយលោកស្រីបានជួបនឹង គ្រួសារអ្នកលក់ត្រីបោះដុំ ដែលរស់នៅលើកោះអូន បានសម្រេចលក់កោះសង្សារ ឲ្យទៅលោកស្រីក្នុងតម្លៃ ១៥០០០ដុល្លារអាមេរិក ដោយសារតែគ្រួសារមួយនោះ មានជីវភាពខ្វះខាត នឹងចង់ផ្លាស់ប្តូរមុខរបរ។
ក្រោយពីបានទទួលបានធ្វើជាម្ចាស់កម្មសិទ្ធ លោកស្រី Melita Koulmandas Hunter ដែលជាអ្នកជំនាញផ្នែករចនា និងតុបតែងស្រាប់នោះ បានចំណាយរយៈពេល ២ឆ្នាំកន្លះ ដើម្បីបំពេញក្តីស្រមៃ និងបង្កើតរមណីយដ្ឋានកោះសង្សារនេះឡើង មានឈ្មោះថា Song Saa Private Island៕
No comments:
Post a Comment