Wednesday, January 20, 2016

យុវជន​ម្នាក់​បោះបង់​ការងារ​ប្រាក់​ខែ​​ជិត​ពាន់​ដុល្លារ ​មក​បើក​ក្រុម​ហ៊ុន​លក់​សំបុត្រ​ឡាន ​អ៊នឡាញ


Content image - Phnom Penh Post

 យុវជន​កូន​ខ្មែរ​ម្នាក់​បាន​សម្រេច​ចិត្ដ​លះបង់​ការ​ងារ​ ដែល​​​ទទួល​បាន​ចំណូល​​ជា​មធ្យម​ជាង ​៨០០ ដុល្លារ​ក្នុង​ ១ ខែ ត្រលប់​មក​បើ​ក​​ក្រុម​ហ៊ុន​​លក់​សំបុត្រឡានអ៊នឡាញ​​ខ្លួន​ឯង​​វិញ ខណៈ​ស្ថាបនិក​វ័យ​ក្មេង​រូបនេះ​​ កំពុង​មាន​មហិច្ឆតា​ ពង្រីក​វិសាលភាព​ក្រុម​ហ៊ុន​មួយ​នេះ​។

លោក​ ជា ឡង់​ដា ស្ថាបនិក​ក្រុម​ហ៊ុន លក់​សំបុត្រឡានអ៊នឡាញ BOOKMEBUS.COM បាន​ប្រាប់ LIFT ​ថា៖ ​«ការ​បើក​ក្រុម​ហ៊ុន​នេះ​ អាច​ថា ​មក​ពី​ដុង​ ឬមក​ពី​ខ្ញុំ​ធ្វើ​ការ​ងារ​ឲ្យ​គេ​លើ​គម្រោង​និមួយៗ​ទទួល​បាន​លុយ​រាប់​ម៉ឺន​ដុល្លារ​ ក៏​កើត​គំនិត​ថា ចុះ​ម៉េច​មិន​រកលុយ​ខ្លួន​ឯង​ យក​ប្រាក់​ខែ​គេ​ប៉ុណ្ណឹង​​ធ្វើអី មាន​គំនិត​អញ្ចឹង​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​នៅ​មិន​សុខ​ ខ្ញុំ​ចេះ​តែ​មើល​ឃើញ​ឱកាស​ ក៏សម្រេចចិត្ដ​​ឈប់​ធ្វើ​ការ​ងារ​ បែរមក​ចាប់​យក​​អាជីវកម្មខ្លួន​ឯង​​តែ​ម្ដង» ។

ការ​សម្រេច​ចិត្ដ​បោះ​បង់ការ​ងារ​ដែលខិត​ខំ​កសាង​ជាង​ ១ ឆ្នាំ​​ ក្នុង​​តំណែង​ជា IT Project Manager នៃ​ក្រុម​ហ៊ុន​ជប៉ុន​ដ៏ធំមួយ​នៅ​ក្នុង​ស្រុក​ ​ ដែល​​អាច​ទទួល​បាន​ប្រាក់​ខែ​ជាង ​៨០០ ដុល្លារ​ក្នុង ​១ ខែនោះ​ លោក ឡង់​ដាបន្ដថា «បើ​ខ្ញុំ​មិន​លះបង់​ទេ មិន​ចាប់​ផ្ដើម​ទេ ខ្ញុំ​នឹង​មាន​វិប្បដិសារី​អស់​មួយ​ជីវិត»​។​

យុវជន​មាន​ឈាម​កំណើត​ជាកូន​អ្នក​ខេត្ត បាត់​ដំបង ​រូបនេះ​យល់ឃើញ​​ថា ​យុវជន​ជា​ច្រើន​វ័យ​​ស្រករ​ៗខ្លួន​​ ​មាន​ជំនាញ​ច្រើន​ណាស់​ ប៉ុន្ដែ​មិន​ហ៊ានប្រថុយ​​ ព្រោះពួកគេ​ចូល​ចិត្ដ​​​បរិយាកាស​ការងារ​​ ជាជាង​ការ​ប្រកួត​ប្រជែង​។ 

លោក​បន្ថែមថា «ពួក​គាត់​អាច​គិត​ថា បើទៅ​មិន​ដឹង​យ៉ាង​ម៉េច​ៗ​ទេ ប្រាក់​ខែប៉ុណ្ណឹង​រកមក​ម៉េច​បាន។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ​មាន​ជំនាញបើ​សិន​បរាជ័យ​ ខ្ញុំ​អាច​ទៅ​ធ្វើ​កន្លែង​ថ្មី​មួយ​ទៀត​ និង​អាច​ទទួល​បាន​ប្រាក់​ខែ​លើ​ស​ហ្នឹង​ថែម​ទៀត​»។

ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ការ​សម្រេច​ចិត្ដ​វិនិយោគ​នៅ​លើ​អាជីវកម្ម​មួយ​នេះ ត្រូវ​ចំណាយ​ទុន​ដំបូង​ ២ ម៉ឺន​ដុល្លារ និង​ចាប់​ផ្ដើម​បើ​ក​ដំណើរ​ការ​ក្រុម​ហ៊ុន​​នេះ​ កាលពី​​ចុង​ឆ្នាំ ​២០១៥​​។ 

លោក ជា ឡង់ដា បញ្ជាក់​​ថា BOOKMEBUS.COM គឺជា​គេហទំព័រដំបូង​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​បង្កលក្ខណៈ​ងាយ​ស្រួល​ ដល់​ប្រជាជន​ខ្មែរ​ ភ្ញៀវទេសចរណ៌ជាតិ និង​អន្ដរជាតិ​ក្នុង​ការ​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​ និង​បង់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណែត​ និង​ធ្វើ​ឲ្យ​ទៅ​ជា​ជម្រើស​ទីមួយ​​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នឹង​ម្ចាស់​ក្រុម​ហ៊ុន​ លើ​មធ្យោបាយ​ធ្វើ​ដំណើរទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​​។​

សូមបញ្ជាក់​ថា ​ក្រុម​ហ៊ុន​មួយ​នេះ​កំពុង​ទទួល​បាន​ការ​សហការ​យ៉ាង​ច្រើន​ពី​ក្រុម​ហ៊ុន​ឡាន​ដឹក​អ្នក​ដំណើរ​ ដោយ​មាន​ដៃ​គូរ​សហ​ការ​​ជាង ​៣០ ​ក្រុម​ និង​អាច​លក់​សំបុត្រ​បាន​យ៉ាង​យោចណាស់​ ៣០០​ សំបុត្រ​ក្នុង ​១ ខែ​៕



       

No comments:

Post a Comment